ពោធិ៍សាត់៖ បុរស​និងស្រី្ត​២នាក់​រងរបួស​ស្រាល និង​រថយន្ត​ខូចទាំង​សងខាង ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​HYUNDAI​គៀរ​រថយន្ត​CAMERY នៅវេលា​ម៉ោង ១៤និង០០នាទី កាលពី​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅចន្លោះ​គីឡូម៉ែត ១៣៧ ១៣៨ ស្ថិតនៅ​ភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភព​ព័ត៌មាន​នៅកន្លែង​កើតហេតុ​បាន​ឲ្យដឹងថា មុនពេល​កើតហេតុ​គេឃើញ​រថយន្ត​ម៉ាកHYUNDAI ពាក់ផ្លាក​លេខ​ភ្នំពេញ3C-7998 ពណ៌ស ធ្វើចរាចរណ៍​ពីលិចទៅ​កើត លុះមក​ដល់ចំណុច​កើតហេតុខាង​លើក៏បាន​ជ្រុលចង្កូត​ទៅបុក​រថយន្តម៉ាក​CAMERYពាក់ស្លាកលេខ​កំពង់ឆ្នាំង2A-1152ពណ៌ស ដែលកំពុង​ធ្វើចរាចរណ៍​ពីកើតទៅលិច បណ្តាលអោយ​រងរបួស​ស្រាលមនុស្ស​២នាក់ស្រី១នាក់ និងខូចខាត​រថយន្ត​ទាំង​សងខាង ។ បន្ទាប់ពី​កើតហេតុ​គេបាន​បញ្ជូនអ្នក​រងរបួស​ទាំងពីនាក់​ទៅព្យាបាល​នៅមន្ទីរពេទ្យ​បង្អែកស្រុក​បរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ប៉ុស្ត៍រដ្ឋ​អន្សាចំបក់​បានបញ្ជាក់ថា អ្នកបើកបរ​រថយន្ត​បង្កបាន​រត់គេច​ខ្លួនបាត់បន្ទាប់​ពីករណី​នេះបាន​កើតឡើង​ដោយមិន​ត្រូវបាន​គេស្គាល់អត្ត​សញ្ញាណឡើយ ។ រីឯជនរងគ្រោះ ទី១.ឈ្មោះ ប្រាក់ យីកាន អាយុ៤៤ឆ្នាំភេទប្រុស ខ្មែរ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង (រងរបួសស្រាល) ជាអ្នកបើក​បរ ទី២.អ្នករួមដំណើរ​ឈ្មោះ ប្រាក់ សិទ្ធិកា អាយុ១៤ឆ្នាំ ភេទស្រី ខ្មែរ នៅលំនៅ​ដូចខាងលើ (រងរបួសស្រាល) ។ ចំពោះវត្ថុតាង​ទាំងពី​រត្រូវបាន​យកមក​រក្សាទុក​នៅប៉ុស្តិ៍​នគរបាលរដ្ឋបាល​អន្សាចំបក់​ជាបណ្តោះអាសន្ន​ដើម្បីកសាង​សំណុំ​រឿងទៅ​តាម​នីតិវិធី ៕

ប្រភព៖ នគរបាលជាតិ