​កណ្ដាលៈ​ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ជាមួយ​ខ្យល់​និង​ផ្គរ​រន្ទះ​ បណ្ដាល​ឲ្យ​សត្វពាហនៈ​របស់​ពលរដ្ឋ​២​ក្បាល​ត្រូវ​រន្ទះបាញ់​ងាប់​ នៅ​វេលា​ម៉ោង​១៦​និង​០២​នាទី​រសៀល​ ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ព្រះ​អង្គ​ខ្មៅ​ ស្ថិត​ក្នុងភូមិ​ជ្រោយ​ជ្រែ​ ឃុំ​សំបួរ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ ។​

​ មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា​ សត្វពាហនៈ​(​សត្វ​គោ​)​ដែល​ត្រូវ​រន្ទះបាញ់​មាន​ចំនួន​២​ក្បាល​ ញី​មួយ​ក្បាល​និង​ឈ្មោល​មួយ​ក្បាល​ មាន​ម្ចាស់​២​នាក់​ ទី​១-​ឈ្មោះ​ រិ​ន​ ធួន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ និង​ទី​២-​ឈ្មោះ​ តូ​នី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ ។​ ម្ចាស់​គោ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ ប្រភព​ដដែល​បន្ត​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ ម្ចាស់​គោ​ទាំង​ពីរ​ បាន​ចង​គោ​ឲ្យ​ស៊ី​ស្មៅ​នៅ​មុខ​អាស្រម​ព្រះ​អង្គ​ខ្មៅ​ ។​ លុះ​មក​ដល់​ម៉ោង​ប្រហែល​១៦​ជាង​ មេឃ​មាន​សភាព​ងងឹត​ រហូត​ធ្លាក់​ភ្លៀង​មួយ​មេ​ធំ​និង​មាន​ផ្គរ​លាយឡំ​និង​រន្ទះ​ ក៏​បាន​បាញ់​ទៅ​លើ​គោ​ពលរដ្ឋ​ពីរ​ក្បាល​ បណ្ដាល​ឲ្យ​ងាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​ ៕​

ប្រភព៖ នគរបាលជាតិ