ប៉ៃលិន៖ កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្វិស័ក​ ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០១៨ មាន​ករណី​អំពើហិង្សាមួ​យកើតឡើង នៅចំណុច​ភូមិកូនភ្នំ​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ដែលបង្ក​ឡើងដោយ​ក្រុមជ​នសង្ស័យឈ្មោះ វុធ ដេវីត ភេទប្រុស អាយុ​ ១៦ឆ្នាំ ជាតិខ្មែរ​ មុខរបរ​ សិស្ស​ រស់នៅភូមិបរ​ឌិននៀវ​ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ និងបក្សពួក​មិនស្គាល់អត្តសញ្ញាណមាន​គ្នាប្រហែល​១៦នាក់​ បានធ្វើ​សកម្មភាព​ជាក្រុមយ​កដុំថ្មគប់ទៅ​លើជនរង​គ្រោះ និងម៉ូតូដែលចត​នៅលើចិញ្ចើម​ផ្លូវបណ្តាយ​ឲ្យខួចខាត ។ ជនរង​គ្រោះទី០១-ឈ្មោះ កែម ភារម្យ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ​ សិស្ស​ រស់នៅភូមិបុសស្អំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ គ្មានរបួស ខូចខាតម៉ូតូ​ ០១គ្រឿងម៉ាក​ Honda Dream C125 ពណ៌ខ្មៅ​ សេរីឆ្នាំ២០១៨​ ពាក់ផ្លាកលេខ​ ប៉ៃលិន​ 1C-5579 ខូចខាតផ្នែកខាងមុខ ។ ជនរងគ្រោះទី០២-ឈ្មោះ ឆាង វុទ្ធី ភេទប្រុស​ អាយុ ១៩ឆ្នាំ​ មុខរបរ​ សិស្ស​ រស់នៅភូមិឃុំ​ជាមួយគ្នា​ គ្មានរបួស ខូចខាតម៉ូតូ​ ០១គ្រឿងម៉ាក​ Honda Dream C125​ ពណ៌ខ្មៅ​ សេរីឆ្នាំ២០១៨​ ពាក់ផ្លាកលេខ​ ប៉ៃលិន​ 1C-2547 ខូចខាតផ្នែក​ខាងក្រោយ ។ ក្រោយពេល​ធ្វើសកម្មភាពរួច ក្រុមជន​សង្ស័យបាន​នាំគ្នាជិះ​ម៉ូតូរត់គេច​ខ្លួនបាត់អស់ ។ ចំណែក​ជនរងគ្រោះបាន​នាំគ្នាមក​ដាក់ពាក្យបណ្តឹង​នៅការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃស្នងការដ្ឋាន​នគរបាលខេត្ត​ប៉ៃលិន​ ដើម្បីចាត់ការ​តាម​នីតិវិធី ។

ប្រភព៖ នគរបាលជាតិ