​ព្រះ​សីហ​នុ​ ៖​ មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​។​ ឧបទ្ទវហេតុ​ខាងលើ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០៧-២០៨​ ស្ថិត​នៅ​ក្នុងភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ី​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​កំពត​ 2A-0786​ មាន​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​ ខេត្ត​ព្រះ​សីហ​នុ​ លុះដល់​ចំណុច​ខាងលើ​បាន​បុក​នឹង​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ម៉ាក​ SSANGYNG​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-3189​ មាន​ទិស​ដៅ​ពី​ផ្ទុយ​គ្នា​។​

​លោកស្នងការ​រង​បន្ត​ថា​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​ ០៥​នាក់​ (​ស្រី​ ០២​នាក់​)​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​។​ ​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ជួយ​សម្រួល​ចរាចរណ៍​និង​វាស់វែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​យក​ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ នគរបាលជាតិ