អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ប្រាសាទ​អង្គរ​វត្ត​ចែក​ចេញ​ជា​បី​​តំបន់​ ឬ​បី​ថ្នាក់​ សម្រាប់​ការ​ដើរ​មើល។ ថ្នាក់​ទាំង​បី​នោះ​មាន៖

  • ថ្នាក់ទី១៖ ចម្លាក់​ថែវរឿង​របាក្សត្រ
  • ថ្នាក់ទី២៖ ថែវ​ព្រះពាន់
  • ថ្នាក់ទី៣៖ ជាន់​ប្រាសាទ​បាកាន (រួត​លើ​បំផុត)

បើ​គេ​និយាយ​ពី​ចម្លាក់​ថែវ​នៅ​ប្រាសាទ​អង្គរវត្ត​ នោះ​គេ​នឹង​ដឹង​ថា​ ចម្លាក់​ថែវ​នេះ មាន​នៅ​លើ​ជញ្ជាំង​ព័ទ្ធ​ជុំវិញ​កំពែង​ថែវ​ទី​២ (រាប់​ពី​ក្រៅ​ចូល​ក្នុង)។ ចម្លាក់​ថែវ​នេះ ត្រូវ​បាន​ឆ្លាក់​រំលេចចេញ​ជា​រឿង​ព្រេង​របស់​ព្រហ្មញ្ញសាសនា រឿង​ពង្សាវតារ​ខ្មែរ​ និង​សិលា​ចារឹក ដោយ​ចែក​ចេញ​ជា​៨ផ្ទាំង បូក​នឹង​២ផ្ទាំង​ទៀត នៅ​ពន្លា​ជ្រុង​នៃ​ថែវ​ខាង​លិច។

បើ​សិន​ជា​អ្នក​ចង់​ដើរ​មើល អ្នក​គួរ​ចូល​តាម​ច្រក​កណ្តាល​ខាង​លិច​ (មាត់​ទ្វារ​ធំ) នៃកំពែង​ទី២ រួច​បត់​ស្តាំ (ទិស​ខាង​ត្បូង) ហើយ​ដើរឆ្វែល​ជុំវិញ អ្នក​នឹង​បាន​ឃើញ​៖

  1. ថែវ​ខាង​លិច ប៉ែក​ខាង​ត្បូង (ពី​ទិសខាង​ជើង​ ទៅ​ត្បូង)៖ បង្ហាញ​ពី​​ចម្បាំង​គូរុសាត្រា ឬ​ចម្បាំង​រវាង​បាណ្ឌវៈ និង​កៅរវៈ ក្នុង​រឿង​មហា​ភារតៈ។
  2. ពន្លា​ជ្រុង​ទិស​និរតី កាត់​ជា​ក្រឡា​ចត្រង្គ៖ ភាគ​ច្រើន​និយាយ​ពី​ឈុត​ឆាក​រឿង​រាម​កេរ្តិ៍។
  3. ថែវ​ខាង​ត្បូង​ ប៉ែក​ខាង​លិច (ពី​ទិស​ខាងលិច​ ទៅ​កើត)៖ បង្ហាញ​ពី​ព្យុហយាត្រា​របស់​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២។
  4. ថែវ​ខាង​ត្បូង​ ប៉ែក​ខាង​កើត (ពី​ទិស​ខាង​លិច​ ទៅ​កើត)៖ បង្ហាញ​ពី​​រឿង​ឋាន​សួគ៌ និង​ឋាន​នរក។
  5. ថែវ​ខាង​កើត​ ប៉ែក​ខាង​ត្បូង (ពី​ទិស​ខាង​ត្បូង ទៅ​ជើង)៖ បង្ហាញ​ពី​រឿង​កូរ​សមុទ្រ​ទឹក​ដោះ។
  6. ថែវ​ខាង​កើត ប៉ែក​ខាង​លិច (ពី​ទិស​ខាង​ត្បូង ទៅ​ជើង)៖ បង្ហាញ​ពី​សិលា​ចារឹកចៅហ្វាយ​ខេត្ត​ខ្មែរ​ម្នាក់ និង​ជ័យ​ជំនះ​របស់​ព្រះ​វិស្ណុ​លើ​ពួក​អសុរ។
  7. ថែវ​ខាង​ជើង ប៉ែក​ខាង​កើត (ពីទិស​ខាង​កើត ទៅ​លិច)៖ បង្ហាញ​ពី​ជ័យ​ជំនះ​ក្រឹស្ណៈ​ លើ​អសុរ​ឈ្មោះ «ពាណៈ»។
  8. ថែវ​ខាង​ជើង ប៉ែក​ខាង​លិច (ពី​ទិស​ខាង​កើត ទៅ​លិច)៖ បង្ហាញ​ពី​ចម្បាំង​រវាង​ទេវតា និង​អសុរ។
  9. ពន្លា​ជ្រុង​ទិសពាយព្យ​​ កាត់​ជា​ក្រឡា​ចត្រង្គ៖ ភាគ​ច្រើន​បង្ហាញ​ពី​ឈុត​ឆាក​រឿង​រាម​កេរ្តិ៍។
  10. ថែវ​ខាង​លិច ប៉ែក​ខាង​ជើង (ពី​ទិស​ខាង​ជើង ទៅ​ត្បូង)៖ បង្ហាញ​​ពី​ចម្បាំង​នៅ​ក្រុង​លង្កា ក្នុង​រឿង​រាម​កេរ្តិ៍។

បើ​សិន​ជាអ្នក​ចង់​ដឹង​បន្ថែម​ឲ្យ​បាន​លម្អិត​ជាង​នេះ ពី​ចម្លាក់​ថែវ​នីមួយៗ​ សូម​បន្ត​តាម​ដាន​អាន​អត្ថបទ​របស់​យើង​ក្រោយៗ​ទៀត។

សប្តាហ៍​ក្រោយ​នេះ​ យើង​នឹង​លើក​យក​រឿង «ចម្បាំង​គូរុសាត្រា» នៅ​ថែវ​ខាង​លិច ប៉ែក​ខាង​ត្បូង​មក​បង្ហាញ!

សូម​រីករាយ​ថ្ងៃ​ចុង​សប្តាហ៍! សូម​សំណាង​ល្អ និង​សេចក្តី​សុខ​ ចូរ​មាន​ដល់​លោក​អ្នក! ជួប​គ្នានៅ​សប្តាហ៍​ក្រោយ!