បន្ទាយមានជ័យ​ ៖​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​២​គ្រឿង​ដឹក​គ្រឿង​ក្នុង​ជ្រូក​
​មាន​បេះដូង អណ្តាត ក្រពះ គ្រលៀ​ន ជើង ត្រចៀក ពោះវៀន ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ២៤​កេស ស្មើនឹង​១០៨៥​គីឡូក្រាម នៅវេលា​ម៉ោង​៣​និង​៤០​នាទី​ឈានចូល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ហើយ​ដុត​កម្ចេចចោល​នៅ​ទីលាន​ចាក់សំរាម​ក្រុង​សិរីសោភ័ណ​។

​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិទ្ធ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ថា​ម្ចាស់​រថយន្ត​ដែល​ជា​អ្នកបើកបរ​មាន​ទី​១.​ឈ្មោះ យួរ រដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​/​ស្រុក​ម៉ាឡៃ ជា​ម្ចាស់​រថយន្ត​ធុន​តូ​យូ​តា​ស៊ីណា ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-3407 ដឹក​គ្រឿងក្នុង​ជ្រូក​២០​កេស ទី​២.​ឈ្មោះ សៀម ណេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កញ្ចាង ឃុំ​កុមារា​ជា ស្រុក​បាទី ខេត្តតាកែវ ម្ចាស់​រថយន្ត​តូ​យោ​តា​ហាយ​ឡែន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI.2801​ដែល​ដឹក​គ្រឿង​ក្នុង​ជ្រូក​៤​កេស​។​

លោក​ស្នងការរង​បន្តថា​ដោយ​មាន​ការណែនាំ​ពី​អគ្គស្នងការ​នគ​បាល​ជាតិ​និង​មាន​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​និង​ខូចគុណភាព​លួច​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​ដែល​ដឹកនាំ​ដោយ​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​វរសេនីយ៍ទោ រស់ អៀម នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​លោក​វរសេនីយ៍ត្រី ម៉ៃ បូរ៉ាន់ នាយ​ផ្នែក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន ស្រាវជ្រាវ​ឃាត់​រថយន្ត​២​គ្រឿង​និង​ម្ចាស់​រថយន្ត​២​នាក់​។​

​គ្រឿង​ក្នុង​ជ្រូក​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ថៃ​មាន​២៤​កេស​ទំងន់​ស្មើ​១.០៨៥​គីឡូក្រាម​រួមមានៈ បេះដូង​ជ្រូក​១៥០​គីឡូក្រាម​, អណ្តាត​ជ្រូក​១៩៧​គីឡូក្រាម ក្រពះ​ជ្រូក​១៣០​គីឡូក្រាម ក្រលៀន​ជ្រូក​៥០​គីឡូក្រាម ជើង​ជ្រូក​១១៨​គីឡូក្រាម ត្រចៀក​ជ្រូក​២៨០​គីឡូក្រាម ពោះវៀន​ជ្រូក​១៦០​គីឡូក្រាម​។​

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា តាម​ចម្លើយ​ម្ចាស់​រថយន្ត​ជា​អ្នកបើកបរ​គឺ​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​បំណង​នាំ​ទៅ​ភ្នំពេញ​។ ដោយ​ស៊ីឈ្នួល​ដឹក​ឲ្យ​ឈ្មួញ​ពី​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ភ្នំពេញ​ឈ្នួល​ដឹក​១​កេស​តម្លៃ​២៥.០០០​រៀល​។​

​លោកស្នងការ​បន្ត​ថា​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ឈ្មួញ​ដែល​នាំចូល​គ្រឿងក្នុង​សត្វ​ជ្រូក​នាំចូល​ពី​ប្រទស​ថៃ​ចូល​មក​កម្ពុជា​ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក​ម្ចាស់​រថយន្ត​ជា​បើកបរ​ស៊ីឈ្នួល​ដឹក​គ្រឿង​ក្នុង​សត្វ​ជ្រូក​ល្មើសច្បាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​តាមច្បាប់ ។​

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផាប្ញ​ទ្ធិ ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​បញ្ជាក់​ឲ្យដឹងថា​៖ ឆ្លង​តាម​ការសាកសួរ​ចម្លើយ ពី​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់ គេ​បាន​សារភាព​ថា​ការដឹក​ជញ្ជូន​ចំណីអាហារ​គ្រឿង​ក្នុង​ជ្រូក​នេះ គឺ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​ក្នុង​១​ខែ គឺ​គេ​ដឹក​បាន​១​ជើង​ទៅ​២​ជើង ដោយ​ដឹក​ចេញពី​ក្នុង​បូរី​១ ដែល​គេ​មិន​ស្គាល់​ឈ្មោះ នៅ​ជិត​ហាង​អង្គរ​ជាយ​ដែន ក្រុង​ប៉ោយប៉ែត​ត ឆ្ពោះ​ទៅ​ក្រុងភ្នំពេញ យក​ទៅឲ្យ​ឈ្មោះ​អៀម និង​ឈ្មោះ​ទូ នៅ​ម្តុំ​បឹងកក់ រាជធានី​ភ្នំពេញ​។​

​លោក​ស្នងការរង បាន​បញ្ជាក់ទៀតថា​៖ គ្រឿង​ក្នុង​ជ្រូក​ទាំងអស់នេះ បាន​ធ្វើ​ការត្រួតពិនិត្យ​ដោយ មាន​ការចូលរួម​ពី​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​រួចមក ត្រូវបាន​កម្លាំង​ជំនាញ យកទៅ​ធ្វើការ​ដុត​កំទេចចោល នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ​ផងដែរ​៕

ប្រភព៖ CEN