ភ្នំពេញ​ ៖ លោក ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ដីកា​ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម ដែល​រំលោភ​សម្លាប់​កុមារី​អាយុ​៤​ឆ្នាំ ដាក់​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ការជុំនុំជម្រះ​តាម​នីតិវិធី​។​

ជនដៃដល់ ឈ្មោះ ង្វៀង យ៉ាំង​យី អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ពីមុន​លក់​ដំឡូង​ជៀន ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ស្នាក់​នៅ​ក្រុម​៥ ភូមិ​ក​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សីកែវ ត្រូវបាន​លោក​ស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ អំពើ​រំលោភ​សេពសន្ថវៈ តាម​មាត្រា​២០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បើ​តាម​មាត្រា​២០៥ ចែងថា ឃាតកម្ម​ដែល​កើត ក្នុងពេល​ឬ​ក្រោយ ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម អំពើ​ឃោរឃៅ ឬ អំពើ​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ អស់​មួយ​ជីវិត​។​

គួររំលឹកថា ករណី​ខាងលើ​នេះ បាន​កើតឡើង​នៅ​ម៉ោងជាង​១០​យប់ ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ជួរ​មាត់ទន្លេ ក្នុង​ភូមិក​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សីកែវ​។ ជនជាតិ​វៀតណាម​រូបនេះ ដោយសារ​ឥទ្ធិពល នៃ​គ្រឿងញៀន បាន​ចាប់​ក្មេងស្រី​អនីតិជន ជា​ជនជាតិ​វៀតណាម​ដូចគ្នា មាន​វ័យ​ទើបតែ​៤​ឆ្នាំ ដើម្បី​បង្ខាំង បង្ខំ​រំលោភ រួច​មួល​ក​បំបាក់​សម្លាប់ចោល ហើយ​យក​សាកសព​ទៅ​ញាត់​ចូល​ក្នុង​កូន​ពាងទឹក យ៉ាង​សាហាវ​ព្រៃផ្សៃ​ជាទីបំផុត ដើម្បី​បំបាត់ភស្តុតាង តែ​ឈាម​ស្រែក​ស្បែក​ហៅ ត្រូវ​ជាប់​ខ្នោះ​នគរបាល ខណៈពេល​កំពុង​ព្យាយាម​រត់គេចខ្លួន​៕

ប្រភព៖ CEN