ភ្នំពេញ​ ៖​ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ LEXUS570​ បើកបរ​ដោយ​ជន​ ជាតិចិន​បាន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស់​ផ្លូវ​ក្នុង​គោលបំណង​បត់​ចូល​រោងចក្រ​របស់​ខ្លួន​ ហើយ​ក៏​ត្រូវ​រថយន្ត​ម៉ាក​MASDA​ធ្វើ​ ដំណើរ​ពី​ត្បូង​ទៅ​ជើង​បុក​ចំ​ពីមុខ​បណ្តាល​ឲ្យ​រង​នូវ​ការ​ខូចខាត​១​ កំណាត់​មុខ​ទាំងស្រុង​។​
​ចំណែក​រថយន្ត​MASDA​ក៏​ខ្ទាត​ប៊ិះ​ធ្លាក់​ផ្លូវ​ផង​ដែរ​ ហើយ​រង​ការ​ខូចខាត​ ធ្ងន់ធ្ងរ​ដូច​គ្នា​។​
​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទំនើប​ព្រលះ​គ្នា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃអាទិត្យ​ ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​ អន្លង់​គង​ចាស់​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​
​ ​ប្រភព​ពី​សាក្សី​នៅ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​LEXUS570​ ពណ៌​ស​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 2AJ-5579​ ធ្វើ​ដំណើរ​ពី​ជើង​មក​ត្បូង​ហើយ​បើកបរ​ដោយ​ ជន​ជាតិចិន​បញ្ច្រាស់​ផ្លូវ​ក្នុង​គោលបំណង​បត់​ចូល​រោងចក្រ​របស់​ខ្លួន​ ហើយ​ក៏​ត្រូវ​រថយន្ត​MASDA​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Y-5922​ ធ្វើ​ដំណើរ​ពី​ត្បូង​មក​បុក​ចំ​ពីមុខ​ពេញទំហឹង​តែ​ម្តង​បណ្តាល​ឲ្យ​ នូវ​ការ​ខូចខាត​ទាំង​សងខាង​។​ ក្នុង​ហេតុការណ៍​នេះ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។​
​ ​ក្រោយ​កើតហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ ដង្កោ​រង់ចាំ​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​គ្នា​តាម​ច្បាប់​៕

 

ប្រភព៖ នគរបាលជាតិ